ពតិមានខ្មែរ

អាមេរិក៖ កម្ពុជា​គួរ​ផ្ដល់​ការ​ផ្សាយ​ដោយ​សេរី​ពី​ដំណើរ​ការ​បោះឆ្នោត | Cambodia News | Khmer News - ពត៌មានខ្មែរ

អាមេរិក៖ កម្ពុជា​គួរ​ផ្ដល់​ការ​ផ្សាយ​ដោយ​សេរី​ពី​ដំណើរ​ការ​បោះឆ្នោត


ប្រទេស​មហា​អំណាច​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់ លោក ហ៊ុន សែន ត្រូវ​ផ្ដល់​នូវ​សេរីភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ពេញលេញ ពី​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា ដែល​ផ្សាយ​បន្ត​តាម​រយៈ​វិទ្យុ​អេហ្វអឹម (FM) ក្នុង​ស្រុក អំពី​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ចេញ​បញ្ជា​កាល​ពាក់​កណ្ដាល​ខែ​មិថុនា ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អេហ្វអឹម ក្នុង​ស្រុក​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ជា​ខេមរភាសា​ក្នុង​អំឡុង​ពេល​មុន​ការ​បោះឆ្នោត ៥​ថ្ងៃ។

ដោយ ម៉ម មុនីរតន៍
2013-07-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង


រូប​វិទ្យុ ៦១០
រូប​វិទ្យុ (Photo: RFA)
ប្រតិកម្ម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ព័ត៌មាន បាន​បិទ​ក្នុង​រយៈពេល​ខ្លី​មិន​ឲ្យ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​មួយ​ចំនួន ដែល​ធ្លាប់​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី (RFA) និង វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើម ផ្សាយ​បន្ត​អំពី​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា កន្លង​ទៅ។
ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក បម្រាម​របស់​ក្រសួង​ព័ត៌មាន នេះ​ថា គឺ​ជា​ផ្នែក​មួយ​រាំង​ខ្ទប់​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ។
លោក ស្ហន មគ្គិនថស្ស (Sean J. McIntosh) អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១៣ កក្កដា តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉ែល ថា ការ​ផ្ដល់​ព័ត៌មាន​ដោយ​សុក្រឹតភាព និង​ត្រឹមត្រូវ តាម​រយៈ​សារព័ត៌មាន​សេរី និង​ឯករាជ្យ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លិខិត​បន្ត​ថា ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អាច​ជួយ​ដល់​អ្នក​បោះឆ្នោត​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ និង​ស៊ី​ជម្រៅ​មុន​នឹង​ពួក​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ៖ «យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​សំណើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​លុប​ចោល​បម្រាម​ដែល​ហាម​មិន​ឲ្យ​ផ្សាយ​រយៈពេល ៥​ថ្ងៃ​នៅ​មុន និង​ថ្ងៃ​បោះឆ្នោត»
ក្រុម​អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​វិធី​នៃ​ការ​ធ្វើ​តេស្ដ​សាកល្បង​របស់​រដ្ឋាភិបាល ក្នុង​ការ​រឹតត្បិត​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា។ ក្នុង​ន័យ​នេះ ក្រុម​អ្នក​តស៊ូ​មតិ​គួរ​ប្រឆាំង​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែប​នេះ។
លោក មឿន ឈានណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​វិស័យ​សារព័ត៌មាន គិត​ថា ការ​ចេញ​បម្រាម​ទាំង​ឡាយ​ណា​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត គឺ​ជា​រឿង​ដែល​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ លោក​គិត​ថា ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​បិទ​ក្នុង​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម​នោះ គឺ​ជា​រនាំង​ចំពោះ​អ្នក​ដែល​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ចាំបាច់។
លោក​បន្ត​ថា លើស​ពី​នេះ​ទៀត អ្នក​ដែល​រង​ផល​ប៉ះពាល់​ចំពោះ​ការ​បិទ​ផ្សាយ​នេះ​ជាង​គេ គឺ​មនុស្ស​វ័យ​ចំណាស់​ដែល​ងាយ​ប្រឈម​នឹង​បាត់បង់​ការ​ចងចាំ៖ «ក្នុង​ចំណោម​អ្នក​បោះឆ្នោត​យើង មាន​យុវជន ភាគរយ​យុវជន​ច្រើន​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​បោះឆ្នោត​ដែល​ជា​មនុស្ស​ចាស់ អ្នក​មាន​វ័យ​ជរា​អី​អ៊ីចឹង។ អ៊ីចឹង ក្រុម​មនុស្ស​ចាស់ ក្រុម​វ័យ​ជរា​ហ្នឹង ជា​អ្នក​ដែល​ពូកែ​ភ្លេច ឆាប់​ភ្លេច​ណាស់។ ការ​ឃោសនា​ទាំង​ប៉ុន្មាន​ហ្នឹង ដល់​ថ្ងៃ​បោះឆ្នោត គាត់​ភ្លេច​ហ្មង។ ខាន​ប្រាប់​គាត់​តែ​មួយ​ថ្ងៃ ភ្លេច​ផ្សាយ​តែ​មួយ​ថ្ងៃ​ហ្នឹង គាត់​ភ្លេច​ទេ​គណបក្ស​មួយ​គាត់​សន្យា​ថា​ម៉េច គណបក្ស​មួយ​នោះ​សន្យា​ថា​ម៉េច គាត់​ភ្លេច​អស់​ហើយ»
ចំណែក​ប្រធាន​វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អេហ្វអឹម ១០២ (FM 102) ដែល​ទទួល​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ចំណោម​ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម មួយ​ចំនួន​ទៀត គឺ​អ្នកស្រី ជា ស៊ុនដាណែត មាន​ប្រសាសន៍​ថា គេ​ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​អំពី​បទ​បញ្ជា​របស់​ក្រសួង​ព័ត៌មាន​នេះ។ ក៏ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ អ្នកស្រី​គិត​ថា ការ​បិទ​ក្នុង​រយៈពេល​មុន ៥​ថ្ងៃ​នៃ​ការ​បោះឆ្នោត ត្រូវ​ចាប់​ផ្ដើម​នោះ ទំនង​ជា​បិទ​ចំពោះ​តែ​ការ​ផ្សាយ​អំពី​ការ​ស្ទង់​មតិ​នៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ ចំពោះ​កម្មវិធី​ដទៃ​ណា​មួយ​ជុំវិញ​ការ​បោះឆ្នោត ទំនង​ជា​ស្ថាប័ន​ជំនាញ​មួយ​នេះ​នឹង​មិន​អើពើ​នោះ​ឡើយ។
អ្នកស្រី ជា ស៊ុនដាណែត៖ «លិខិត​ហ្នឹង​ដូច​ឥត​សូវ​ច្បាស់​ទៀត។ លិខិត​ហ្នឹង​និយាយ​ថា​មិន​ឲ្យ​ពី​រឿង​លទ្ធផល។ ប៉ុន្តែ​បើ​ថ្ងៃ​ស ថ្ងៃ​ស គឺ​ថា​អត់​ទាំងអស់​គ្នា​ហើយ​មិន​អ៊ីចឹង។ បើ​ពេល​យប់​មីង​អត់​ដឹង​ទេ​ណា។ ពេល​យប់ គឺ​មីង​ដឹង​ថា​អូខេ ផ្សាយ​បាន​ហើយ ព្រោះ​វា​ចប់​ហើយ បោះឆ្នោត​ចប់​ហើយ។ អា​ហ្នឹង​និយាយ​ថ្ងៃ​បោះឆ្នោត ប៉ុន្តែ​បើ​ពេល​ព្រឹក​ម៉ោង​៧ ម៉ោង​៨ ចំ​ពេល​ទៅ​បោះឆ្នោត។ អា​ហ្នឹង​ម៉េច​ទេ ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ​ខ្ញុំ»
ភ្លាមៗ​ក្រោយ​ពី​បិទ​មិន​ឲ្យ​វិទ្យុ​អេហ្វអឹម ក្នុង​ស្រុក​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស រួម​មាន វិទ្យុ​អាស៊ីសេរី ជាដើម​នោះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​ស្ថានទូត​សហរដ្ឋ​អាមេរិក មក។ រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​នោះ ក្រសួង​ព័ត៌មាន​បាន​អនុញ្ញាត​ឲ្យ​វិទ្យុ​អេហ្វអឹម ក្នុង​ស្រុក​ទាំង​នោះ បាន​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ជា​ខេមរភាសា​ជា​ធម្មតា។
ស្ថិត​ក្រោម​ហេតុផល​នេះ លោក មឿន ឈានណារិទ្ធ ចាត់​ទុក​ថា ការ​នៅ​ស្ងៀម​មិន​ប្រតិកម្ម​តប​របស់​អ្នក​ព័ត៌មាន និង​ម្ចាស់​ឆ្នោត រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នានា គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​របស់​រដ្ឋាភិបាល​បន្ត​មាន​ទម្ងន់​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម​ទៀត៖ «សេរីភាព​បញ្ចេញ​មតិ​ប្រៀប​ដូច​ជា​រ៉ឺស័រ​អ៊ីចឹង កាល​ណា​យើង​ឈប់​រុញច្រាន​វា វា​បក​ថយ​ក្រោយ​វិញ។ អ៊ីចឹង យើង​អ្នក​តស៊ូ​មតិ អ្នក​ដែល​ទាមទារ​សិទ្ធិ​សេរីភាព ផ្នែក​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន ត្រូវ​ព្យាយាម​រុញ​ច្រាន​ជានិច្ច​ហ្មង»
បើ​ទោះ​ជា​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បាន​អនុញ្ញាត​ហើយ​ក្តី ក៏ប៉ុន្តែ ទាំង​សហរដ្ឋ​អាមេរិក និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​នៅ​ចាត់​ទុក​ថា ជំហរ​របស់​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​យ៉ាង​ចង្អៀត​ណែន​នៅ​ឡើយ។
យោង​លើ​ហេតុផល​នេះ កាល​ពី​ថ្ងៃ​ទី២៥ មិថុនា រដ្ឋមន្ត្រី​ស្ដីទី លោក អ៊ុក ប្រាថ្នា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​ទាមទារ​ឲ្យ​គ្រប់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ត្រូវ​ផ្អាក​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​រយៈពេល ៣១​ថ្ងៃ គិត​ចាប់​ពី​គណបក្ស​នយោបាយ​ចាប់​ឃោសនា រហូត​ដល់​មុន​ថ្ងៃ​បោះឆ្នោត និង​ក្នុង​ថ្ងៃ​បោះឆ្នោត។ ក៏ប៉ុន្តែ ដោយ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ក្រសួង​ព័ត៌មាន បាន​សម្រេច​ឲ្យ​វិទ្យុ​អេហ្វអឹម បាន​ផ្សាយ​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា ទន្ទឹម​នឹង​ការ​បាន​ផ្សាយ​ឡើង​វិញ​នេះ លិខិត​អនុញ្ញាត​ឲ្យ​ផ្សាយ​ដែល​ពុំ​មាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២៩ មិថុនា របស់​មន្ត្រី​ព័ត៌មាន​នោះ តម្រូវ​ឲ្យ​គ្រប់​ម្ចាស់​វិទ្យុ​អេហ្វអឹម ត្រូវ​អនុវត្ត​ខ្លឹមសារ​រួម​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី២១ មិថុនា។
ខ្លឹមសារ​នៃ​លិខិត បាន​ឲ្យ​ដឹង​ថា ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំងអស់ អំពី​ការ​ស្ទង់​មតិ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់ទង​នឹង​ដំណើរ​ការ​បោះឆ្នោត ក្នុង​រយៈពេល ៥​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត។ លិខិត​បន្ត​ថា រួម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​អ្វី​ទាំងអស់ អំឡុង​ពេល ២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត។
បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍​នេះ លោក ប៊ុត បូវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​អំពី​ខ្លឹមសារ​នៃ​ការ​បញ្ឈប់​កម្មវិធី​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​តាម​វិទ្យុ​អេហ្វអឹម ជា​ភាសា​ខ្មែរ នៅ​ថ្ងៃ​បង្ហើយ​នៃ​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​នយោបាយ។ លោក​បញ្ជាក់​ថា ការ​ទទួល​ខុស​ត្រូវ​អំពី​ម៉ោង​ផ្សាយ​ក្នុង​អំឡុង​ពេល​នេះ គឺ​ជា​បន្ទុក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។
ក៏ប៉ុន្តែ លោក​អះអាង​ថា ចំពោះ​បម្រាម ៥​ថ្ងៃ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នោះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ទាំង​ឡាយ​ណា​ដែល​និយាយ​អំពី​ការ​ឈ្នះ​ចាញ់ ឬ​ការ​ស្ទង់​មតិ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ លោក​គិត​ថា កម្មវិធី​ក្រៅ​ពី​នេះ គឺ​មិន​ប៉ះពាល់​នោះ​ឡើយ៖ «អូ! អា​ហ្នឹង​អត់​ហ្មង យើង​មើល​នៅ​ក្នុង​ហ្នឹង គឺ​ហាម​ដាច់​ខាត។ បើ​តាម​បទ​បញ្ជា គ.ជ.ប អា​ហ្នឹង​ខ្ញុំ​គិត​ថា ប្អូន​គួរ​សួរ​ទៅ គ.ជ.ប ច្បាស់​ជាង។ ព្រោះ​រយៈពេល​ហ្នឹង គេ​គ្រប់គ្រង​អ្ហា។ អ៊ីចឹង ក្រសួង​ណែនាំ​អ្វី​ដែល​មាន ដូចជា ៥​ថ្ងៃ ប្រាំ​អី គឺ​យើង​មាន​ខ្លឹមសារ​ច្បាស់​លាស់»
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​បាន​បញ្ឈប់​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​នោះ​ឡើយ​អំពី​ការ​ផ្សាយ ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នោះ។ លោក​បញ្ជាក់​ថា អ្វី​ដែល គ.ជ.ប ហាម​ឃាត់ គឺ​លទ្ធផល​ប៉ាន​ប្រមាណ​ជា​សាធារណៈ អំពី​ការ​ឈ្នះ​ចាញ់​របស់​គណបក្ស​នយោបាយ​មុន ៥​ថ្ងៃ​នៃ​ថ្ងៃ​បញ្ចប់​ឃោសនា និង​មុន​១​ថ្ងៃ​នៃ​ថ្ងៃ​បោះឆ្នោត។ លោក​បន្ត​ទៀត​ថា ក៏ប៉ុន្តែ​នៅ​ថ្ងៃ​បង្ហើយ​នៃ​ថ្ងៃ​បោះឆ្នោត គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​អាច​ផ្សាយ​បាន​ពី​លទ្ធផល​បោះឆ្នោត តាម​លទ្ធភាព​របស់​ខ្លួន។
លោក ទេព នីថា៖ «គ.ជ.ប អត់​បាន​ថា​បិទ​ផ្សាយ​អ្នក​ណា​ទេ ការងារ​សំខាន់​ការងារ​ឃោសនា​បោះឆ្នោត​ហ្នឹង គឺ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។ អ៊ីចឹង​ទេ តាម​ច្បាប់​បោះឆ្នោត និង​តាម​នីតិវិធី​នៃ​ការ​បោះឆ្នោត គឺ​ហាម​ការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ក្នុង​ថ្ងៃ​បោះឆ្នោត​ហ្នឹង គឺ​ហាម​ការ​ឃោសនា​បោះឆ្នោត​ទាំង​សកម្មភាព​របស់​គណបក្ស ទាំង​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ទាក់ទង​ការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ហើយ​មាន​ការ​ទៅ​យល់​ច្រឡំ​ថា គ.ជ.ប ទៅ​បិទ​ការ​ផ្សព្វផ្សាយ​មិន​ឲ្យ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះឆ្នោត មិន​មែន​ទេ។ គាត់​បាន​ទទួល​ប៉ុណ្ណា គាត់​ផ្សាយ​ប៉ុណ្ណឹង​ទៅ យើង​អត់​ឃាត់​ទេ ព្រោះ​ខាង គ.ជ.ប ក៏​ប្រមូល​លទ្ធផល​មក​ផ្សាយ​ដែរ​នៅ​ម៉ោង ៨​យប់ យើង​ផ្សាយ​ហើយ»
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នេះ​ថា គឺ​ជា​ទម្លាប់​មួយ​ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​គិត​ថា រដ្ឋាភិបាល​គួរ​ធ្វើ​អ្វី​ឲ្យ​ប្រសើរ​ជាង​នេះ និង​ចំណេញ​ដល់​ម្ចាស់​ឆ្នោត​បន្ថែម​ទៀត ជា​ជាង​ការ​ប្រើប្រាស់​គោល​នយោបាយ​រាំង​ខ្ទប់​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​សេរី ដែល​ធានា​ដោយ​ច្បាប់៖ «គាត់​ចង់​ធ្វើ​អី​ស្រេច​ចិត្ត មាន​ន័យ​ថា វា​អត់​មាន​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា វា​អត់​ច្បាស់​លាស់។ វា​អត់​មាន​យន្តការ​ណា​ដែល​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ច្បាស់​លាស់ ឧទាហរណ៍​ដូច​ជា សិទ្ធិ​ទទួល​ព័ត៌មាន​ជាដើម»
សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ការ​បិទ​ផ្សាយ​បណ្ដាញ​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត​នេះ គឺ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បង្ហាញ​អំពី​ការ​ចុះ​ខ្សោយ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ទន្ទឹង​នឹង​នេះ ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា យល់​ឃើញ​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី ផ្អែក​តាម​គោលការណ៍​ច្បាប់​ត្រូវ​រួម​តូច​ចង្អៀត និង​កំពុង​ធ្លាក់​ចុះ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



No comments:

Post a Comment